ព្រះត្រៃបិដក ភាគ ៣២
កាន់ប្រទេសនោះហើយ។ នែបងអណ្តើក បងឯងមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេឬ។ នែបងអណ្តើក ខ្ញុំមិនត្រូវគេបៀតបៀន មិនត្រូវគេប្រហារទេ គ្រាន់តែមានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំប៉ុណ្ណោះ។ នែបងអណ្តើក អើនោះហើយ ហៅថា ត្រូវគេបៀតបៀន អើនោះហើយ ហៅថា ត្រូវគេប្រហារ នែបងអណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់បងឯង ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ដោយខ្សែនុ៎ះឯង នែបងអណ្តើក ឥឡូវនេះ បងឯងចូរទៅចុះ ឥឡូវនេះ បងឯងមិនមែនដូចយើងទេ។
[២១២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រាន នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា មូល នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែ នុ៎ះ ជាឈ្មោះនៃនន្ទរាគ (តម្រេកដោយសេចក្តីត្រេកត្រអាល)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់មារចិត្តបាប។
ID: 636849170359253277
ទៅកាន់ទំព័រ៖