ព្រះត្រៃបិដក ភាគ ៣២
លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុ ឮថា អ្នកត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរ ពិតឬ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ កំពុងជាប់ធ្វើកិច្ចរបស់ខ្ញុំព្រះអង្គដែរ។
[៣៦៦] គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ភិក្ខុនោះ ដោយព្រះហឫទ័យព្រះអង្គ ហើយត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលទោសភិក្ខុនុ៎ះឡើយ ម្នាលភិក្ខុទាំងឡាយ ដ្បិតភិក្ខុនោះ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ អាស្រ័យនឹងចិត្តដ៏ឧត្តម ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ។
ID: 636849205044547163
ទៅកាន់ទំព័រ៖