ព្រះត្រៃបិដក ភាគ ៣៤
ឱក្កន្តសំយុត្ត
[១៩៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ត្រចៀកមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ច្រមុះមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី អណ្តាតមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី កាយមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ចិត្តមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវធម៌ទាំងនេះយ៉ាងនេះ។ បុគ្គលនេះហៅថា សទ្ធានុសារី (អ្នករឭកឃើញរឿយៗ ដោយសទ្ធា) ចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មួយបានត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី
ID: 636850001703663458
ទៅកាន់ទំព័រ៖