ព្រះត្រៃបិដក ភាគ ០៤
ពួកភិក្ខុឮព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយឆាន់ហើយ ហាមភត្តរួចហើយ មិនគួរនឹងទៅឆាន់ក្នុងទីដទៃទៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយឆាន់ហើយ ហាមភត្តហើយ រួចទៅឆាន់ក្នុងទីដទៃទៀត ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ ឆាន់ហើយ ហាមភត្តរួចហើយ ហេតុអ្វីក៏ទៅឆាន់ក្នុងទីដទៃទៀត ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឆាន់ហើយ ហាមភត្តហើយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
ID: 636786944414124095
ទៅកាន់ទំព័រ៖