ព្រះត្រៃបិដក ភាគ ០៤
ស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ។ ខណៈនោះ ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរចំពោះទៅពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់ត្រាស់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងស្លៀកស្បង់ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះ នឹងបាននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំឲ្យរឹងរឹតតែជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លារួចហើយក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងស្លៀក(ស្បង់)ឲ្យជាបរិមណ្ឌល។
ភិក្ខុត្រូវស្លៀកឲ្យជាបរិមណ្ឌល គឺបិទបាំងមណ្ឌលផ្ចិត
(១) មណ្ឌលជង្គង់
(២)។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយស្លៀកឲ្យស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្តិទុក្កដ។
(១)-(២) អដ្ឋកថា ភិក្ខុត្រូវស្លៀកស្បង់ឲ្យជាបរិមណ្ឌល ខាងលើបិទមណ្ឌលផ្ចិត ខាងក្រោម បិទមណ្ឌលជង្គង់ គឺស្រុងចុះទៅខាងក្រោមអំពីជង្គង់ប្រមាណ៨ធ្នាប់ ។
ID: 636788632310153662
ទៅកាន់ទំព័រ៖