ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ស ២ ប្រការនេះ តែងរក្សាទុក នូវសត្វលោក បានជាពាក្យថា មាតាកី្ត ថាម្តាយមីងកី្ត ថាម្តាយធំកី្ត ថាភរិយារបស់អាចារ្យកី្ត ថាប្រពន្ធរបស់គ្រូកី្ត តែងមានប្រាកដ (ក្នុងលោក)។
[២៥៦] ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សានេះ មាន ២ យ៉ាង។ ថ្ងៃចូលវស្សា មាន ២យ៉ាង គឺអ្វីខ្លះ។ គឺបុរិមិកាវស្សា (ថ្ងៃចូលវស្សាមុន) ១ បច្ឆិមិកាវស្សា (ថ្ងៃចូលវស្សាក្រោយ) ១។ ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សា មាន ២ យ៉ាងនេះឯង។
ចប់ កម្មករណវគ្គ ទី១។
[២៥៧] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ២ ប្រការ។ កំឡាំង ២ ប្រការ គឺអ្វីខ្លះ។ កំឡាំង គឺការពិចារណា ១ កំឡាំង គឺភាវនា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកំឡាំង គឺការពិចារណា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណា ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
ID: 636852731245964347
ទៅកាន់ទំព័រ៖