ព្រះត្រៃបិដក ភាគ ៤៦
ព្រះសោណៈដ៏មានអាយុ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច ខ្លួនអ្នក កាលនៅជាគ្រហស្ថអំពីដើម ជាអ្នកឈ្លាសវៃ ក្នុងការដេញខ្សែពិណដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក តឹងពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក ធូរពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលសោណៈ មួយទៀត សម័យណា ខ្សែពិណរបស់អ្នក មិនតឹងពេក មិនធូរពេកទេ តាំងនៅក្នុងគុណដ៏ស្មើល្មម គឺសំឡេងជាកណ្តាល សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសោណៈ ព្យាយាមដែលតឹងពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអណ្តែតអណ្តូងចិត្ត ព្យាយាមដែលធូរពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជិលច្រអូស ក៏យ៉ាងនោះដែរ ម្នាលសោណៈ ព្រោះហេតុនោះ អ្នកចូរតាំងសេចក្តីព្យាយាម ឲ្យស្មើល្មមផង
(១)
(១) ពាក្យនេះ ព្រះសម្ពុទ្ធទ្រង់ត្រាស់ដាស់តឿនព្រះសោណត្ថេរ ឲ្យតាំងសេចក្តីព្យាយាម ចំរើនសមថកម្មដ្ឋាន កុំឲ្យតឹងពេក ធូរពេក។ អដ្ឋកថា។
ID: 636854386649668023
ទៅកាន់ទំព័រ៖