ព្រះត្រៃបិដក ភាគ ៥២
លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ឫស គឺអវិជ្ជា និងផែនដី គឺអាសវៈ មិនមានដល់អរិយបុគ្គលណា ស្លឹក គឺសេចក្តីស្រវឹង ក៏មិនមាន វល្លិ គឺមានះ នឹងមានមកអំពីណា បុគ្គលណា នឹងគួរតិះដៀល នូវអរិយបុគ្គលនោះ ដែលជាអ្នកប្រាជ្ញ ផុតចាកចំណងបាន សូម្បីពួកទេវតា ក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដែរ។ សូត្រ ទី៦។
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ពិចារណាការលះបង់នូវការពិចារណាបបញ្ចសញ្ញា (សញ្ញាជាគ្រឿងយឺតយូរ) របស់ព្រះអង្គ។ លុះព្រះមានព្រះភាគ ជ្រាបការលះបង់នូវការពិចារណាបបញ្ចសញ្ញា របស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បបញ្ចសញ្ញាក្តី ការមាំមួនក្តី មិនមានដល់បុគ្គលណា បុគ្គលនោះឈ្មោះថា បានកន្លងកិលេសជាតិជាគ្រឿងតផង ជើងគុល គឺអវិជ្ជាផង មនុស្សលោក ព្រមទាំងទេវលោក ក៏មិនមើលងាយអ្នកប្រាជ្ញ ដែលគ្មានតណ្ហា ហើយប្រព្រឹត្តទៅ ដោយញាណនោះបានឡើយ។ សូត្រ ទី៧។
ID: 636865123982468330
ទៅកាន់ទំព័រ៖