ព្រះត្រៃបិដក ភាគ ៥២

​ទ្រង់​ចូល​ទៅដល់​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​ថូ​នៈ​ ​របស់​ពួក​មល្ល​ជន​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​ថូ​នៈ​ ​បានឮ​ហើយ​ ​(​ក៏​ប្រកាសប្រាប់​គ្នា​)​ ​ថា​ ​ម្នាល​គ្នាយើង​ ​ឮថា​ ​សមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​មក​បួស​ ​ហើយ​ស្តេច​មកកាន់​ចារិក​ ​ក្នុង​ដែន​មល្លៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​បាន​មកដល់​ថូន​ព្រាហ្មណ​គ្រាម​ហើយ​ ​ក៏​នាំគ្នា​យក​ស្មៅ​ ​និង​អង្កាម​ ​ចាក់​បំពេញ​អណ្តូង​ដរាបដល់​មាត់​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​សមណៈ​ត្រងោល​ទាំងនោះ​ផឹកទឹក​បាន​។​
 [​១៥៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចៀសចេញ​អំពី​ផ្លូវ​ ​សំដៅ​ទៅ​រក​ដើមឈើ​ ​១​ ​ដើម​ ​លុះ​ចូល​ទៅដល់​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ភិក្ខុ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ហើយ​ ​ទ្រង់​ត្រាស់​ប្រើ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅ​ដងទឹក​ ​អំពី​អណ្តូង​នុ៎ះ​ ​មក​ឲ្យ​តថាគត​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ឥណ្តូ​ងនោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​ថូ​នៈ​ ​យក​ស្មៅ​ ​និង​អង្កាម​ ​ចាក់​បំពេញ​ ​ដរាបដល់​មាត់​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​សមណៈ​ត្រងោល​ទាំងនោះ​ផឹកទឹក​បាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ប្រើ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅ​ដងទឹក​ ​អំពី​អណ្តូង​នុ៎ះ​មក​ឲ្យ​តថាគត​។​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636865124597043482
ទៅកាន់ទំព័រ៖