ព្រះត្រៃបិដក ភាគ ៥៣
[១០១] ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជាដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជា ដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃ ថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រលឹកជាតិដែលបានអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១សែនជាតិខ្លះ រលឹកបានច្រើនសំវដ្ដកប្បខ្លះ ច្រើនវិវដ្ដកប្បខ្លះ ច្រើនសំវដ្ដវិវដ្ដកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះ យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុនោះ រលឹកតាមនូវជាតិដែលអាស្រ័យនៅក្នុងកាលមុនបានជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។
ID: 636865448874071067
ទៅកាន់ទំព័រ៖