ព្រះត្រៃបិដក ភាគ ៥៤
គុហដ្ឋកសូត្រ ទី២
[៩៦] ជនជាប់ចំពាក់ក្នុងគុហា គឺរាងកាយ ស្រោបដោយកិលេសច្រើនប្រការ ធ្លាក់ចុះក្នុងមោហៈ គឺកាមគុណ ហើយឋិតនៅ ជនមានសភាពដូច្នោះ ឈ្មោះថា ឆ្ងាយអំពីវិវេក ព្រោះថា កាមទាំងឡាយក្នុងលោក បុគ្គលមិនងាយនឹងលះបានឡើយ។ សត្វទាំងនោះ ជាប់ចំពាក់ដោយរសឆ្ងាញ់ក្នុងភព ព្រោះសេចក្តីប្រាថ្នាជាហេតុអាឡោះអាល័យនូវកាមទាំងឡាយ ក្នុងអនាគតផង ក្នុងអតីតផង ប្រាថ្នានូវកាមទាំងឡាយ ជាបច្ចុប្បន្ននេះ និងអតីត អនាគត ជាសត្វរួចបានដោយក្រ មិនរួចដោយហេតុដទៃបាន។ សត្វទាំងនោះ ជាប់ចំពាក់ ខ្វល់ខ្វាយវង្វេងក្នុងកាមទាំងឡាយ មិនកាន់យកពុទ្ធវចនៈតាំងនៅមាំក្នុងធម៌មិនសើ្ម គឺកាយទុច្ចរិត ដល់នូវសេចក្តីទុក្ខ តែងខ្សឹកខ្សួលថា ឱហ្ន៎ អាត្មាអញច្យុតអំពីអត្តភាពនេះ នឹងទៅកើតក្នុងទីណាអេះ។
ID: 636865609169669451
ទៅកាន់ទំព័រ៖