ព្រះត្រៃបិដក ភាគ ៥៦
[១៥៩] វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមានសភាពគួរស្រឡាញ់ គួររីករាយនៃចិត្ត ហើយចេញអំពីផ្ទះ (ទៅបួស) ដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃទុក្ខ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំ (គ្រាន់តែ) ជាអ្នកដឹងខ្លួន មានស្មារតី រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ។
និសភត្ថេរ។
[១៦០] ខ្ញុំធ្វើចីវរ មានពណ៌ដូចជាពណ៌នៃត្រួយស្វាយលើស្មាហើយ ជិះលើ ក នៃដំរី ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ខ្ញុំចុះពីកដំរី ក៏បាននូវសេចក្ដីសង្វេគក្នុងកាលណោះ តែខ្ញុំនោះ ជាមនុស្សកំពុងស្រវឹង (ដោយជាតិជាដើម) ហើយខ្ញុំបានដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ក្នុងកាលណោះដែរ។
ឧសភត្ថេរ។
[១៦១] កប្បដកុរៈ (មានសេចក្ដីត្រិះរិះខុសកើតឡើងយ៉ាងនេះ) ថា នេះជាកន្ទបរបស់អាត្មាអញ កាលបើក្អមសម្រាប់ដាក់ទឹកអម្រឹត (របស់តថាគត) ពេញហើយក្រៃពេក (តថាគតសំដែងធម៌ដើម្បីឲ្យបាននូវទឹកអម្រឹត) កប្បដកុរភិក្ខុ ក៏ដល់នូវការឃ្វាងអំពីធម៌ (របស់តថាគត) នេះជាសាសនារបស់តថាគត ជាផ្លូវភាវនាផ្សេង ៗ ប្រព្រឹត្ដទៅដើម្បីចំរើននូវឈានទាំងឡាយ។
ID: 636866481085950210
ទៅកាន់ទំព័រ៖