ព្រះត្រៃបិដក ភាគ ៥៦
នាងទៅដល់ផ្ទះហើយ នឹងបានសំពត់ បាយ ទឹក បានឃើញនូវបុត្តទាំងឡាយរបស់នាងផង បានឃើញកូនប្រសាស្រី របស់នាងផង។
វត្ថុដែលអ្នកបានឲ្យផ្ទាល់ដៃដោយដៃ មិនសម្រេចដល់ខ្ញុំទេ អ្នកចូរញុំាងភិក្ខុទាំងឡាយ ដែលបរិបូណ៌ដោយសីល ជាអ្នកប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំ ក្នុងវេលានោះ ទើបខ្ញុំនឹងដល់នូវសេចក្ដីសុខ សម្រេចនូវសេចក្ដីប្រាថ្នាទាំងពួងបាន។
លំដាប់នោះ នន្ទសេន ឧបាសកនោះ ទទួលថា សាធុ ដូច្នេះហើយ បានចាត់ចែងនូវទានដ៏បរិបូណ៌ គឺបាយ ទឹក បង្អែម សំពត់ សេនាសនៈ ឆ័ត្រ គ្រឿងក្រអូប ផ្កាកម្រង ស្បែកជើងផ្សេង ៗ។ នន្ទសេនឧបាសក ក៏បានញុំាងភិក្ខុទាំងឡាយ ដែលបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ហើយឧទ្ទិសទក្ខិណាទានដល់នាងនន្ទាប្រេត។
វិបាកក៏កើតឡើងក្នុងលំដាប់ដែលបានឧទ្ទិស ភោជនាហារ សំពត់ស្លៀក ទាំងទឹកផឹកក៏កើត នេះជាផលនៃទក្ខិណាទាន លំដាប់នោះ នាងនន្ទាប្រេតនោះ ជាស្រីស្អាត មានសំពត់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្ដមជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ចូលទៅរកស្វាមី។
ID: 636866408401062872
ទៅកាន់ទំព័រ៖