ព្រះត្រៃបិដក ភាគ ៥៦
[៣] បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យដោយឧបាយប្រាជ្ញា ជាអ្នកមិនរវើររវាយ តែងកំចាត់បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់បក់ផ្តាច់ស្លឹកឈើ។
ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោលគាថា ដោយប្រការដូច្នេះ។
[៤] អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើងដែលរុងរឿងក្នុងរាត្រី ព្រះតថាគតទាំងឡាយ ជាអ្នកប្រទានពន្លឺចក្ខុ តែងកំចាត់បង់សេចក្តីសង្ស័យរបស់វេនេយ្យជន ដែលមកហើយ។
ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
[៥] បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរសជាបណ្ឌិត អ្នកឃើញប្រយោជន៍ ព្រោះអ្នកប្រាជ្ញទាំងឡាយ អ្នកមានប្រាជ្ញាឈ្លាសវៃ មិនប្រមាទ តែងបានប្រយោជន៍ច្រើន ជ្រៅ ល្អិតម៉ត់ចត់ ដែលឃើញបានដោយក្រ។
ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រនាងមន្តានី បានពោលគាថាដោយប្រការដូច្នេះ។
[៦] ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មានបានដោយក្រ បានទូន្មានដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈមានចិត្តសន្តោស ឆ្លងសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត ភិក្ខុទព្វមល្លបុត្តនោះ មានចិត្តខ្ជាប់ខ្ជួន បរិនិព្វានហើយ។
ឮថា ទព្វត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។
ID: 636866441093642781
ទៅកាន់ទំព័រ៖