ព្រះត្រៃបិដក ភាគ ៥៦
ថេរគាថា ទុកនិបាត បញ្ចមវគ្គ
[១៦២] ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទារបស់ព្រះសាស្ដានៃយើងទាំងឡាយ ដែលសាវ័កនឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ប្រាកដដូច្នោះ។ សក្កាយ គឺបញ្ចុបាទានក្ខន្ធ អាត្មាអញបានហើយក្នុងកប្បទាំងឡាយរាប់មិនបាន រាងកាយនេះ ជាទីបំផុតរបស់បញ្ចុបាទានក្ខន្ធទាំងនោះ រាងកាយនេះ ជាខាងក្រោយរបស់បញ្ចុបាទានក្ខន្ធទាំងនោះ សង្សារប្រកបដោយជាតិ និងមរណៈ ឥឡូវនេះ ភពថ្មីមិនមានទេ។
កុមារកស្សបត្ថេរ។
[១៦៣] ភិក្ខុណានៅក្មេង ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា នាកាលពួកសត្វកំពុងដេកលក់ ភិក្ខុនោះ ជាអ្នកភ្ញាក់រលឹក ជីវិតរបស់ភិក្ខុនោះ មិនសោះសូន្យទេ។ ហេតុនោះ អ្នកមានប្រាជ្ញា កាលរលឹកឃើញនូវសាសនានៃព្រះពុទ្ធទាំងឡាយហើយ គួរប្រកបរឿយៗ នូវសទ្ធា សីល សេចក្ដីជ្រះថ្លា និងការឃើញធម៌។
ធម្មបាលត្ថេរ។
[១៦៤] ភិក្ខុណាមួយបានលះបង់មានះ ជាអ្នកមិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្ដីស្ងប់រម្ងាប់ ដូចសេះដែលសារថីបង្ហាត់ល្អហើយ ទុកជាពួកទេវតា ក៏ស្រឡាញ់ភិក្ខុអ្នកមិនញាប់ញ័រនោះ។
ID: 636866481834213008
ទៅកាន់ទំព័រ៖