ព្រះត្រៃបិដក ភាគ ០៦
ទី២របស់ខ្ញុំព្រះអង្គដូច្នេះថា សូមឲ្យព្រះអរហន្តសម្មាសម្ពុទ្ធគប្បីចូលមកកាន់ដែនរបស់អញនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ ក៏បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី៣របស់ខ្ញុំព្រះអង្គនេះដូច្នេះថា សូមឲ្យខ្ញុំព្រះអង្គបានចូលទៅសេពគប់នឹងព្រះដ៏មានព្រះភាគនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី៤របស់ខ្ញុំព្រះអង្គដូច្នេះថា ព្រះដ៏មានព្រះភាគនោះ គប្បីសំដែងធម៌ដល់អញ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ សម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន បំណងទី៥របស់ខ្ញុំព្រះអង្គនេះដូច្នេះថា ចំណែកខាងអញ គប្បីដឹងច្បាស់នូវធម៌របស់ព្រះដ៏មានព្រះភាគនោះ ឥឡូវនេះ បំណងរបស់ខ្ញុំព្រះអង្គនោះ បានសម្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ពីដើម កាលដែលខ្ញុំព្រះអង្គនៅជាកុមារនៅឡើយ ខ្ញុំព្រះអង្គមានបំណង៥យ៉ាងនេះ ឥឡូវនេះ បំណងទាំង៥យ៉ាងរបស់ខ្ញុំព្រះអង្គនោះ ក៏បានសម្រេចបរិបូណ៌ហើយ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង
ID: 636793557662416066
ទៅកាន់ទំព័រ៖