ព្រះត្រៃបិដក ភាគ ០៦
ក្នុងសភាពជាបុគ្គលឥតផ្ទះ។ ឯមាតានិងបិតារបស់ក្មេងទាំងនោះ យល់ឃើញថា ពួកក្មេងទាំងអស់គ្នានេះមានសេចក្តីប្រាថ្នាស្មើគ្នា មានបំណងល្អ ក៏អនុញ្ញាតឲ្យ។ ពួកក្មេងទាំងនោះ ចូលទៅរកភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជាឧបសម្បទាក្មេងអម្បាលនោះ។ ពួកភិក្ខុ (ក្មេង) ទាំងនោះ ក្រោកឡើង ហើយយំទារស៊ីក្នុងបច្ចូសសម័យនៃរាត្រីថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុជាគ្រឿងទំពាស៊ីមក។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូររង់ចាំទម្រាំភ្លឺសិន បើមានបបរ សឹមឆាន់ចុះ បើមានភត្ត សឹមឆាន់ចុះ បើមានវត្ថុជាគ្រឿងទំពាស៊ី សឹមទំពាស៊ីចុះ បើបបរក្តី ភត្តក្តី វត្ថុជាគ្រឿងទំពាស៊ីក្តីមិនមាន ចូរត្រាច់ទៅដើម្បីបិណ្ឌបាត ហើយសឹមឆាន់ចុះ។ ឯពួកភិក្ខុ (ក្មេង) អម្បាលនោះ កាលបើភិក្ខុទាំងឡាយ និយាយយ៉ាងនេះហើយ ក៏រឹងរឹតតែយំរំអុកប្រាប់ភិក្ខុទាំងឡាយថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុជាគ្រឿងទំពាស៊ីមក លុះយំទារដូច្នេះហើយ ក៏ជុះដាក់ទីសេនាសនៈខ្លះ នោមស្រោចសេនាសនៈខ្លះ។ ព្រះដ៏មានព្រះភាគ បានទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ទ្រង់បានឮសំឡេងកូនក្មេង លុះទ្រង់បានស្តាប់ហើយ ក៏ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់ត្រាស់សួរថា ម្នាលអានន្ទ សំឡេងនោះ តើជាសំឡេងកូនក្មេងឬអ្វី។ គ្រានោះ ព្រះអានន្ទ
ID: 636793754604400504
ទៅកាន់ទំព័រ៖