ព្រះត្រៃបិដក ភាគ ០៦
ជាទីបំផុតនៃមគ្គព្រហ្មចរិយៈ និងសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។ បញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគជាគំរប់ពីរដងផង។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុទាំងឡាយជាគំរប់ពីរដងផង។បេ។ បញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគជាគំរប់បីដងផងថា បពិត្រព្រះគោតមដ៏មានអាយុ ព្រះអង្គមិនទាន់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម្ម ជាធម៌វិសេសដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដោយការប្រព្រឹត្តិនោះផង ដោយសេចក្តីប្រតិបត្តិនោះផង ដោយអំពើដែលជនដទៃធ្វើតាមបានដោយកម្រផង ឥឡូវនេះ ព្រះអង្គប្រតិបត្តិដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់ដើម្បីល្មោភច្រើន នឹងបានត្រាស់ដឹងឧត្តរិមនុស្សធម្មដ៏វិសេស ដោយញាណនិងទស្សនៈដ៏ឧត្តម អាចកំចាត់បង់នូវកិលេសដូចម្តេចបាន។ កាលបើបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរពិចារណាមើលនូវពាក្យរបស់តថាគតឥឡូវនេះ ដូចគ្នានឹងកាលមុនអំពីកាលឥឡូវនេះដែរឬទេ។ បញ្ចវគ្គិយភិក្ខុទាំងឡាយតបថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យហ្នឹង ព្រះអង្គមិនដែលពោលទេ។
ID: 636793422131902649
ទៅកាន់ទំព័រ៖