ព្រះត្រៃបិដក ភាគ ៦០
ម្នាលព្រាន អ្នកមានឧបការៈច្រើនដល់យើង យើង (នឹងឲ្យ) នូវភរិយាពីរនាក់ ដែលមានរូប និងភោគៈសម្បត្តិប្រហែលគ្នាផង នូវគោមួយរយ មានទាំងគោឧសភផង យើងនឹងសោយរាជ្យតាមធម៌។ ម្នាលព្រាន អ្នកចូរចិញ្ចឹមកូន និងប្រពន្ធដោយហេតុនេះគឺ កសិកម្ម ពាណិជកម្ម ឥណទានកម្ម (ការបុល) និងការស្វែងរករបរ (ជាសម្មាអាជីវៈចុះ) អ្នកកុំធ្វើនូវបាបទៀតឡើយ។
ចប់ រោហនមិគជាតក ទី៥។
ហំសជាតក ទី៦
[២៥៣] (ស្តេចហង្សពោធិសត្វពោលថា) ពួកហង្ស មានកក្ងក់ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលសុមុខៈ មានសម្បុរដូចមាស អ្នកចូរភៀសខ្លួនទៅចុះ។ ពួកបក្សីជាញាតិលះបង់នូវយើងម្នាក់ឯង ដែលលុះអំណាចអន្ទាក់ ឥតមានអាឡោះអាល័យហើរទៅហើយ ខ្លួនអ្នកតែម្នាក់ឯង សម្ងំនៅដូចម្តេចបាន។ ការដែលហើរចេញទៅរបស់ពួកសត្វស្លាប ជាការប្រសើរ ការប្រព្រឹត្តិនៅជាមួយអ្នកដែលជាប់ចំណង ជាការប្រសើរ មិនមែនទេ អ្នកកុំធ្វើសេចក្តីព្យាយាម ឲ្យសាបសូន្យ ដោយសេចក្តីទុក្ខឡើយ ម្នាលសុមុខៈ អ្នកចូរភៀសខ្លួនចេញទៅតាមប្រាថ្នាចុះ។
ID: 636872920927788478
ទៅកាន់ទំព័រ៖