ព្រះត្រៃបិដក ភាគ ៦១
អសីតិនិបាតជាតក
ចុល្លហំសជាតក ទី១
[១៦៣] (រាជហង្សឈ្មោះធតរដ្ឋៈពោលថា) ម្នាលហង្សឈ្មោះសុមុខៈ ពួកបក្សី កាលមិនគយគន់មើល ហើរចេញទៅ អ្នកចូរទៅចុះ កុំប្រាថ្នា (នៅក្នុងទីនេះឡើយ ព្រោះថា) ភាពនៃអ្នកជាសំឡាញ់នឹងយើងដែលជាប់ចំណង មិនមានទេ។
[១៦៤] (ហង្សសេនាបតីឈ្មោះសុមុខៈ ក្រាបបង្គំទូលថា) ទូលព្រះបង្គំជាខ្ញុំទៅក្តី មិនទៅក្តី ទូលព្រះបង្គំជាខ្ញុំមិនមែនមិនស្លាប់ដោយការទៅ ឬការមិនទៅនោះទេ ទូលព្រះបង្គំជាខ្ញុំចូលទៅរកព្រះអង្គដែលដល់នូវសេចក្តីសុខហើយ នឹងលះព្រះអង្គដែលដល់នូវសេចក្តីទុក្ខដូចម្តេចកើត។ សេចក្តីស្លាប់ជាមួយនឹងព្រះអង្គក្តី ការរស់នៅវៀរចាកព្រះអង្គក្តី សេចក្តីស្លាប់នោះប្រសើរជាង ទូលព្រះបង្គំជាខ្ញុំតែវៀរចាកព្រះអង្គហើយ រស់នៅ មិនប្រសើរសោះឡើយ។ បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំលះចោលព្រះអង្គដែលដល់ (នូវសេចក្តីទុក្ខ) យ៉ាងនេះ ដោយសភាវៈណា សភាវៈនោះ មិនមែនជាធម៌ទេ បពិត្រព្រះអង្គជាធំលើបក្សី ដំណើរណា របស់ព្រះអង្គ ដំណើរនោះទូលព្រះបង្គំជាខ្ញុំក៏គាប់ចិត្តដែរ។
ID: 636873187306904492
ទៅកាន់ទំព័រ៖