ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះ ក្នុងលោក សេចក្តីថា តណ្ហាឈ្មោះវិសត្តិកាណាក្នុងលោក បុគ្គលមានស្មារតី រមែងឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវតណ្ហា ឈ្មោះវិសត្តិកានេះក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ដោយជើង បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក។
[១៥] ជនណា ប្រាថ្នារឿយ ៗ នូវស្រែ ទីកន្លែង បា្រក់ គោ សេះ ទាសៈ និងពួកបុរស ស្រ្តី ផៅពង្ស ឬកាមទាំងឡាយច្រើន។
[១៦] អធិប្បាយពាក្យថា ស្រែ ទីកន្លែង បា្រក់ ត្រង់ពាក្យថា ស្រែ គឺ ស្រែស្រូវសាលី ស្រែស្រូវធម្មតា ចម្ការសណ្តែកបាយ ចម្ការសណ្តែករាជមាស ស្រែស្រូវដំណើប ស្រែស្រងែ ចម្ការល្ង។ ពាក្យថា ទីកន្លែង គឺទីផ្ទះ ទីជង្រុក ទីមុខ (ផ្ទះ) ទីក្រោយ (ផ្ទះ) ទីសួន ទីកន្លែងនៅ។ កហាបណៈ លោកហៅថា បា្រក់ ក្នុងបទថា បា្រក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ស្រែ ទីកន្លែង បា្រក់។
ID: 637349107745112113
ទៅកាន់ទំព័រ៖