ព្រះត្រៃបិដក ភាគ ៦៤
[២១៥] អធិប្បាយពាក្យថា សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់មិនជាប់នៅ ក្នុងមុនិនោះ ដូចជាវារិមិនជាប់នៅលើស្លឹក (ឈូក) ត្រង់ពាក្យថា ក្នុងមុនិនោះ គឺក្នុងបុគ្គលជាព្រះអរហន្តខីណាស្រព។ ពាក្យថាសេចក្តីខ្សឹកខ្សួល គឺ ការយំ ការយំរៀបរាប់ អាការយំ អាការយំអណ្តឺតអណ្តក ភាពនៃការយំ ភាពនៃការយំរៀបរាប់ ការនិយាយ ការពោលប៉ប៉ាច់ប៉ប៉ោច ការពោលរវើរវាយ ការពោលរឿយៗ អាការជាទីពោលរឿយៗ ភាពនៃការពោលរឿៗ របស់សត្វដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ប្រកបព្រមដោយសេចក្តីវិនាសណាមួយ ឬត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ យ៉ាងគឺសេចក្តីកំណាញ់អាវាស ១ សេចក្តីកំណាញ់ត្រកូល ១ សេចក្តីកំណាញ់លាភ ១ សេចក្តីកំណាញ់វណ្ណៈ ១ សេចក្តីកំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃចិត្តកំណាញ់ សេចក្តីចង់មានហួសហេតុ ស្មូរកន្រ្ទឹស ភាពនៃចិត្តរួញ ភាពនៃការមិនយកចិត្តគេណា មានសភាពយ៉ាងនេះ នេះហៅថា សេចក្តីកំណាញ់ មួយទៀត សូម្បីសេចក្តីកំណាញ់ខន្ធ ក៏ឈ្មោះថា កំណាញ់ សូម្បីសេចក្តីកំណាញ់ធាតុ ក៏ឈ្មោះថា កំណាញ់
ID: 637349970735976645
ទៅកាន់ទំព័រ៖