ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា ទាំងញុំាងអ្នកដទៃឲ្យរួចមិនបាន សេចក្តីថា សត្វទាំងនោះជាអ្នកលិចកប់ក្នុងភក់ដោយខ្លួនឯង មិនអាចនឹងស្រង់បុគ្គលដទៃ ដែលលិចកប់ក្នុងភក់បានទេ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទៈ បុគ្គលនោះឯងលិចកប់ក្នុងភក់ដោយខ្លួនឯង នឹងស្រង់បុគ្គលដទៃដែលលិចកប់ក្នុងភក់បាន ហេតុដូច្នេះនេះ មិនមានទេ ម្នាលចុន្ទៈ បុគ្គលនោះឯង មិនទាន់ទូន្មានខ្លួន មិនទាន់ប្រៀនប្រដៅខ្លួន មិនទាន់រលត់កិលេសដោយខ្លួនឯងទេ នឹងទូន្មានប្រៀនប្រដៅបុគ្គលដទៃ (នឹងញុំាងបុគ្គលដទៃ) ឲ្យរលត់កិលេសបាន ហេតុដូច្នេះនេះ មិនមានទេ។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត បុគ្គលដទៃណាមួយ អាចញុំាងបុគ្គលដទៃឲ្យរួចបាន មិនមានទេ ប្រសិនបើពួកសត្វនោះគប្បីរួច លុះតែប្រតិបតិ្តនូវសម្មាបដិបទា អនុលោមប្បដិបទា អប្បច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទាដោយខ្លួនឯង ដោយកំឡាំងញាណរបស់ខ្លួន ដោយពលញ្ញាណរបស់ខ្លួន ដោយព្យាយាមរបស់ខ្លួន ដោយការប្រឹងប្រែងរបស់ខ្លួន ដោយកំឡាំងបុរសរបស់ខ្លួន ដោយពលញ្ញាណនៃបុរសរបស់ខ្លួន ដោយព្យាយាមនៃបុរសរបស់ខ្លួន ដោយការប្រឹងប្រែងនៃបុរសរបស់ខ្លួន ទើបរួចបាន។ ពួកសត្វមិនអាចញុំាងអ្នកដទៃឲ្យរួចបាន យ៉ាងនេះខ្លះ។
ID: 637349139259537215
ទៅកាន់ទំព័រ៖