ព្រះត្រៃបិដក ភាគ ៦៤
[៨៨] អធិប្បាយពាក្យថា ជនអ្នកឈ្លាសវៃ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌ ត្រង់ពាក្យថា ជនអ្នកឈ្លាសវៃ គឺជនទាំងឡាយណា ជាអ្នកឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទិ្ធបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងព្រះនិពា្វន ជនអ្នកឈ្លាសវៃនោះ រមែងពោលយ៉ាងនេះថា នុ៎ះជាធម៌របស់ពួកអរិយៈ នុ៎ះមិនមែនជាធម៌របស់ពួកអ្នកមិនមែនអរិយៈ នុ៎ះជាធម៌របស់ពួកបណ្ឌិត នុ៎ះមិនមែនជាធម៌របស់ពួកពាល នុ៎ះជាធម៌របស់ពួកសប្បុរស នុ៎ះមិនមែនជាធម៌របស់ពួកអសប្បុរស ពួកអ្នកឈ្លាសវៃ រមែងពោលយ៉ាងនេះ សំដែងយ៉ាងនេះ និយាយយ៉ាងនេះ បំភ្លឺយ៉ាងនេះ បញ្ចេញយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌។
[៨៩] អធិប្បាយពាក្យថា កិលេសដ៏ក្រាស់ណាមួយ ក្នុងលោកនៃភិក្ខុណា មិនមាន ត្រង់ពាក្យថា នៃភិក្ខុណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា កិលេសដ៏ក្រាស់ បានដល់ កិលេសដ៏ក្រាស់ ៧ គឺ កិលេសដ៏ក្រាស់គឺរាគៈ កិលេសដ៏ក្រាស់គឺទោសៈ
ID: 637349335991925800
ទៅកាន់ទំព័រ៖