ព្រះត្រៃបិដក ភាគ ៦៦
គឺបានឃើញ បានយល់ បានប្រទះ បានចាក់ធ្លុះនូវធម៌ដោយខ្លួនឯង ដែលត្រាស់ដឹងដោយខ្លួនឯង ជាក់ច្បាស់ចំពោះខ្លួន មិនមែនដោយជឿស្តាប់បុគ្គលដទៃ មិនមែនដោយឮថា ដូច្នេះ ៗ មិនមែនតាមទំនៀម មិនមែនដោយការផ្សែផ្សំនឹងក្បួន មិនមែនដោយហេតុនៃការត្រិះរិះ មិនមែនដោយហេតុនៃការគ្នេគ្នាន់ មិនមែនដោយការជញ្ជឹងនូវអាការៈ មិនមែនដោយការយល់ ការពិនិត្យ និងការចូលចិត្តឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បានឃើញធម៌ជាក់ច្បាស់ មិនមែនដោយការជឿស្តាប់បុគ្គលដទៃ។
[៨៨] ពាក្យថា ព្រោះហេតុនោះ ក្នុងសាសនានៃព្រះមានព្រះភាគនោះ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុនោះ ព្រោះរឿងនោះ ព្រោះដើមចមនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ។ ពាក្យថា ក្នុងសាសនានៃព្រះមានព្រះភាគនោះ គឺក្នុងសាសនារបស់ព្រះមានព្រះភាគ ក្នុងសាសនារបស់ព្រះគោតម ក្នុងសាសនារបស់ព្រះពុទ្ធ ក្នុងសាសនារបស់ព្រះជិនស្រី ក្នុងសាសនារបស់ព្រះតថាគត ក្នុងសាសនារបស់ព្រះពុទ្ធជាទេវតា ក្នុងសាសនារបស់ព្រះអរហន្តនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ក្នុងសាសនានៃព្រះមានព្រះភាគនោះ។
ID: 637351979837578587
ទៅកាន់ទំព័រ៖