ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា ព្រោះឃើញ គឺព្រោះឃើញ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ។
[៩៧] ពាក្យថា ដូចពួកត្រីក្នុងទីមានទឹកតិច សេចក្តីថា ត្រីក្នុងទីមានទឹកតិច មានទឹកស្តួចស្តើង មានទឹករីងទៅ ត្រូវក្អែកក្តី ខ្លែងក្តី កុកក្តី ឆាបឆក់ ចឹកស៊ី ក៏រមែងញាប់ញ័រ ញាប់ញ័រខ្លាំង អន្ទះអន្ទែង អន្ទះសា ចំប្រប់ខ្លាំង យ៉ាងណាមិញ ពួកប្រជាជន ក៏រមែងញាប់ញ័រដោយការញាប់ញ័រព្រោះតណ្ហា។បេ។ ញាប់ញ័រ ញាប់ញ័រខ្លាំង អន្ទះអន្ទែង អន្ទះសា រន្ធត់ ចំប្រប់ខ្លាំង ដោយទុក្ខព្រោះវិនាសគឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ដូចពួកត្រីក្នុងទីមានទឹកតិច។
[៩៨] ពាក្យថា ទាស់ទែងគ្នា សេចក្តីថា ពួកសត្វខឹង ខឹងតប បៀតបៀន បៀតបៀនតប គុំគួន គុំគួនតបនូវគ្នានឹងគ្នា គឺពួកព្រះរាជាទាស់ទែងនឹងពួកព្រះរាជាខ្លះ ពួកក្សត្រទាស់ទែងនឹងពួកក្សត្រខ្លះ ពួកព្រាហ្មណ៍ទាស់ទែងនឹងពួកព្រាហ្មណ៍ខ្លះ ពួកគហបតីទាស់ទែងនឹងពួកគហបតីខ្លះ មាតាទាស់ទែងនឹងបុត្រខ្លះ បុត្រទាស់ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្រខ្លះ បុត្រទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនស្រីខ្លះ
ID: 637353461674183968
ទៅកាន់ទំព័រ៖