ព្រះត្រៃបិដក ភាគ ៦៧

តែថា ពួក​សាវ័ក​របស់​តថាគត ដែល​តថាគត​ទូន្មាន​យ៉ាងនេះ​ ប្រៀន​ប្រដៅ​យ៉ាងនេះ​ ​ពួក​ខ្លះ បានសម្រេច​ព្រះនិព្វាន​ជាទីបំផុត​ដោយពិត ពួក​ខ្លះ​ក៏​មិនបាន​សម្រេច ម្នាល​ព្រាហ្មណ៍ តថាគត​នឹង​ធ្វើ​ដូចម្តេច​ក្នុង​បុគ្គល​ពួក​នេះ​ ម្នាល​ព្រាហ្មណ៍ ព្រះ​តថាគត ជា​អ្នក​ប្រាប់ផ្លូវ បើ​គេ​សួរ​ផ្លូវ​ហើយ​ ទើប​ព្រះ​តថាគត​ប្រាប់​បាន បុគ្គល​កាល​ប្រតិបត្តិ​ដោយខ្លួនឯង គប្បី​រួច​បាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​មិន​អាច​ដោះ យ៉ាងនេះ​ខ្លះ។
 [២១៦​] ពាក្យ​ថា ម្នាល​ធោ​តកៈ (តថាគត​មិន​អាច​ដើម្បី​ដោះ​) អ្នកណាមួយ ក្នុង​លោក​នេះ ដែល​មាន​សេចក្តី​សង្ស័យ​បានទេ គឺ​បុគ្គល​ដែល​មាន​សេចក្តី​សង្ស័យ​ ប្រកប​ដោយ​សេចក្តី​ងឿងឆ្ងល់ មាន​សេចក្តី​រឹងរូស មានការ​យល់ជា​ពីរ​ផ្លូវ​ មាន​សេចក្តី​ស្ទាក់​ស្ទើរ។ ពាក្យ​ថា អ្នកណាមួយ គឺ​ក្សត្រ​ក្តី​ ព្រាហ្មណ៍​ក្តី វេស្សៈ​ក្តី សុទ្ទៈ​ក្តី គ្រហស្ថ​ក្តី បព្វជិត​ក្តី ទេវតា​ក្តី មនុស្ស​ក្តី​ ណាមួយ។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នាល​ធោ​តកៈ តថាគត​មិន​អាច​ដើម្បី​ដោះ​អ្នកណាមួយ​ក្នុង​លោក​នេះ​ ដែល​មាន​សេចក្តី​សង្ស័យ​បានទេ។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637355170789361369
ទៅកាន់ទំព័រ៖