ព្រះត្រៃបិដក ភាគ ៦៧

 ការ​សួរ​របស់​អមនុស្ស តើ​ដូចម្តេច។ អមនុស្ស​ទាំងឡាយ​ចូល​ទៅ​គាល់​ព្រះ​ពុទ្ធ​មាន​ព្រះ​ភាគ សួរ​ប្រស្នា គឺ​ពួក​នាគ​សួរ ពួក​គ្រុឌ​សួរ ពួក​យក្ស​សួរ ពួក​អសុរ​សួរ ពួក​គន្ធព្វ​សួរ ពួក​មហារាជ​សួរ ពួក​ព្រះ​ឥន្រ្ទ​សួរ ពួក​ព្រហ្ម​សួរ​ ​ពួក​ទេវតា​សួរ នេះ ការ​សួរ​របស់​អមនុស្ស។
 ការ​សួរ​របស់​ពុទ្ធ​និមិ្មត តើ​ដូចម្តេច។ ព្រះមានព្រះភាគ​និមិ្មត​រូប​ណា​ ដ៏​សម្រេច​ដោយ​ព្រះទ័យ មាន​អវយវៈ​តូច​ធំ​គ្រប់សព្វ មាន​ឥន្រ្ទិយ​មិន​ខ្វះខាត​ ពុទ្ធ​និមិ្មត​នោះ​ចូល​ទៅ​គាល់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​សួរ​ប្រស្នា ព្រះមានព្រះភាគ​ ទ្រង់​ដោះស្រាយ នេះ ការ​សួរ​របស់​ពុទ្ធ​និម្មិត។ នេះ ការ​សួរ ៣។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រយោជន៍​របស់​ខ្លួន​ ១ ការ​សួរ​ប្រយោជន៍​របស់​បុគ្គល​ដទៃ ១ ការ​សួរ​ប្រយោជន៍​ទាំងពីរ​ ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ១ ការ​សួរ​ប្រយោជន៍​ក្នុង​បរលោក ១ ការ​សួរ​ប្រយោជន៍​ដ៏​ក្រៃលែង គឺ​ព្រះនិព្វាន ១។
 ការ​សួរ ៣ ដទៃទៀត គឺ​ការ​សួរ​ប្រយោជន៍​មិន​មានទោស​ ១ ការ​សួរ​ប្រយោជន៍​មិន​មាន​សេចក្តី​សៅហ្មង ១ ការ​សួរ​ប្រយោជន៍​ដ៏​ផូរផង់ ១។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637354326926681330
ទៅកាន់ទំព័រ៖