ព្រះត្រៃបិដក ភាគ ០៧
មើមដទៃណា ជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលមើមទាំងឡាយនោះ ហើយរក្សាទុក ដរាបទាល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជាភេសជ្ជៈ ដែលកើតអំពីឫស ឬមើម។ ពួកភិក្ខុ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្មកិន និងកូនថ្មកិន។
[៧៧] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់ កើតអំពីដើមស្តៅ ទឹកចត់កើតអំពីដើមខ្លែងគង់ ទឹកចត់កើតអំពីដើមអម្បែងថ្ងៃ ទឹកចត់កើតអំពីវល្លិ៍បណ្តូលពេជ្រ ទឹកចត់កើតអំពីដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់ដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលទឹកចត់ទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
ID: 636830053824106134
ទៅកាន់ទំព័រ៖