ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានញុំាងភិក្ខុសង្ឃឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកដ៏ច្រើន ខ្ញុំបានប្រគេនសំពត់មួយគូៗ ផ្សេងៗ គ្នា ដល់ភិក្ខុសង្ឃ។ ជនទាំងឡាយ ហៅព្រះពុទ្ធអង្គណាថា សុមេធៈ ព្រះពុទ្ធអង្គនោះ ទ្រង់ទទួលការបូជារបស់សត្វលោក ទ្រង់គង់ក្នុងកណ្តាលភិក្ខុសង្ឃ បានពោលគាថាទាំងនេះថា
បុរសណា បានឲ្យតថាគតឆាន់ស្កប់ស្កល់ ដោយបាយ និងទឹកទាំងអស់នេះ តថាគតនឹងសរសើរនូវបុរសនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យរបស់តថាគតដែលនឹងសម្តែងចុះ។ ក្នុងកប្បទី ១.៨០០ បុរសនេះ នឹងរីករាយក្នុងទេវលោក នឹងបានជាស្តេចចក្រពត្តិមួយពាន់ជាតិ។ នឹងកើតក្នុងកំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងមានដំបូលជាវិការៈនៃមាសទាំងអស់ បិទបាំងសព្វៗ កាល។ កន្លងពីនេះទៅ ៣ ម៉ឺនកប្បទៀត ព្រះសាស្តា ទ្រង់ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលនៃឱក្កាករាជ នឹងត្រាស់ឡើងក្នុងលោក។ បុរសនេះ ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះសាស្តាអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ បានកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ID: 637643111687495042
ទៅកាន់ទំព័រ៖