ព្រះត្រៃបិដក ភាគ ៧៥
តិណសូលកឆាទនិយត្ថេរាបទាន ទី៣
[៣] កាលនោះ ខ្ញុំបានពិចារណានូវជាតិជរា និងមរណៈ ខ្ញុំតែម្នាក់ឯង ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ កាលខ្ញុំសព្ចារទៅតាមលំដាប់ បានចូលទៅកាន់ឆ្នេរនៃទន្លេគង្គា ក៏ឃើញផែនដីដុះពេញស្មើនៅទៀបឆ្នេរទន្លេគង្គានោះ។ ខ្ញុំបានសាងអាស្រមត្រង់ទីនោះ ហើយនៅក្នុងអាស្រមរបស់ខ្ញុំ ទីចង្រ្កមដែលខ្ញុំបានធ្វើល្អហើយ សឹងប្រកបដោយពួកសត្វស្លាបផ្សេងៗ។ ពួកសត្វតែងចូលមកជិតខ្ញុំផង បន្លឺសំឡេង គួរឲ្យចាប់ចិត្តផង ខ្ញុំត្រេកអររីករាយជាមួយនឹងសត្វទាំងនោះ ហើយនៅក្នុងអាស្រម។ សេ្តចម្រឹគមានជើង ៤ នៅជិតអាស្រមរបស់ខ្ញុំ ស្តេចម្រឹគនោះ តែងចេញអំពីលំនៅមកស្រែកគំរាមដូចជារន្ទះ។ កាលស្តេចម្រឹគបន្លឺសំឡេងឡើង ខ្ញុំក៏មានសេចក្តីរីករាយកើតឡើង ខ្ញុំកំពុងស្វះស្វែងរកស្តេចម្រឹគ ស្រាប់តែប្រទះឃើញព្រះលោកនាយក ។
ID: 637643674112888487
ទៅកាន់ទំព័រ៖