ព្រះត្រៃបិដក ភាគ ៧៦
ព្រះពុទ្ធ ព្រះនាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ កាលនោះ ខ្ញុំបួសជានាងបរិព្វាជិកា ប្រព្រឹត្តិម្នាក់ឯង ត្រាច់ទៅដើម្បីភិក្ខា ហើយបាននូវវត្ថុត្រឹមតែប្រេងប៉ុណ្ណោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានអុជប្រទីបដោយប្រេងនោះ បម្រើព្រះចេតិយ ប្រសើរសមរម្យជាងចេតិយទាំងពួងនៃព្រះពុទ្ធប្រសើរជាងសត្វមានជើងពីរ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ដោយផលនៃកម្មនោះ ខ្ញុំកើតក្នុងទីណាៗ ប្រទីបដ៏ធំទាំងឡាយ បំភ្លឺដល់ខ្ញុំដែលនៅក្នុងទីនោះៗ។ ខ្ញុំប្រាថ្នារបស់ណា ខ្ញុំឃើញ (របស់នោះ) ឆ្លុះរហូតខាងក្រៅជញ្ជាំង ឆ្លុះរហូតខាងក្រៅនៃភ្នំថ្ម នេះជាផលនៃការឲ្យប្រទីប។ ខ្ញុំជាអ្នកមានភ្នែកស្អាត រុងរឿងដោយយស មានសទ្ធា មានប្រាជ្ញា នេះជាផលនៃការឲ្យប្រទីប។
ID: 637643968884465344
ទៅកាន់ទំព័រ៖