ព្រះត្រៃបិដក ភាគ ៧៦
ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ លំដាប់នោះ ព្រះពុទ្ធប្រសើរជាងនរជន ព្រះអង្គប្រកបដោយមហាករុណា ទ្រង់តាំងខ្ញុំជាឯតទគ្គៈ ដោយព្រះពុទ្ធដីកាថា នាងសកុលាថេរី ជាភិក្ខុនីប្រសើរផុតជាងថេរីទាំងឡាយ ដែលមានទិព្វចក្ខុ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643969353996203
ទៅកាន់ទំព័រ៖