ព្រះត្រៃបិដក ភាគ ៧៦
លំដាប់នោះ ប្ដីរបស់ខ្ញុំនោះ មានកូន ១០ នាក់ចោមរោម ទៅបួសក្នុងសាសនាព្រះពុទ្ធ ជាទេវតាកន្លងទេវតា ដោយខុសបំណងរបស់ខ្ញុំ។ គ្រានោះ ខ្ញុំតែម្នាក់ឯង បានគិតថា ជីវិតមិនគួរដល់អញ ដែលជាស្រីចាស់ កំព្រាព្រាត់ប្រាសចាកប្ដី និងកូនទាំងឡាយឡើយ ដូច្នេះ ប្ដីរបស់អញនៅក្នុងទីណា អញនឹងទៅក្នុងទីនោះ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ចូលទៅកាន់ផ្នួស។ លំដាប់នោះ ភិក្ខុនីទាំងឡាយ លះបង់ខ្ញុំម្នាក់ឯង ក្នុងលំនៅនៃភិក្ខុនី ហើយក៏ទៅឲ្យឱវាទថា នាងចូរដាំទឹក។ គ្រានោះ ខ្ញុំនាំទឹកមក ហើយចាក់អំពីក្អម តម្កល់ទុកក្នុងភាជន៍តូច ហើយអង្គុយ តម្កល់ចិត្តមាំ ក្នុងខណៈនោះ។ ខ្ញុំឃើញនូវខន្ធទាំងឡាយ ថាមិនទៀងផង ជាទុក្ខផង ជាអនត្តាផង បានញ៉ាំងអាសវៈទាំងពួងឲ្យអស់ ហើយដល់ព្រះអរហត្ត។ គ្រានោះ មានភិក្ខុនីទាំងឡាយ មកសួររកទឹកក្ដៅ ខ្ញុំក៏បានអធិដ្ឋានតេជោធាតុ ហើយញ៉ាំងទឹកឲ្យក្ដៅយ៉ាងរហ័ស។
ID: 637643972517434085
ទៅកាន់ទំព័រ៖