ព្រះត្រៃបិដក ភាគ ៧៦
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសោណាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោណាថេរិយាបទាន។
ភទ្ទកាបិលានីថេរិយាបទាន ទី៧
[២៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ សេដ្ឋីឈ្មោះ វិទេហៈ មានកែវដ៏ច្រើន នៅក្នុងក្រុងហង្សវតី ខ្ញុំជាប្រពន្ធនៃសេដ្ឋីនោះ។ ក្នុងកាលមួយ សេដ្ឋីនោះ ព្រមទាំងជនជាបរិស័ទ ចូលទៅគាល់ព្រះពុទ្ធ ជាព្រះអាទិត្យរបស់នរជន ហើយស្ដាប់ធម៌របស់ព្រះពុទ្ធ ជាទីនាំមកនូវការអស់ទៅនៃទុក្ខទាំងពួង។
ID: 637643973048840035
ទៅកាន់ទំព័រ៖