ព្រះត្រៃបិដក ភាគ ៧៨

អភិធម្មបិដក
ធម្ម​សង្គ​ណិ បឋម​ភាគ
សូម​នមស្ការ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។
មាតិកា
 [១] ពួក​ធម៌​ជាកុសល(១) ពួក​ធម៌​ជាអកុសល(២) ពួក​ធម៌​ជា​អព្យាក្រឹត(៣) ពួក​ធម៌​ប្រកបដោយ​សុខវេទនា(៤) ពួក​ធម៌​ប្រកបដោយ​ទុក្ខវេទនា(៥) ពួក​ធម៌​ប្រកបដោយ​វេទនា​មិនជា​ទុក្ខ មិនជា​សុខ(៦) ពួក​ធម៌​ជា​វិបាក(៧) ពួក​ធម៌​មាន​វិបាក​ជាប្រក្រតី ពួក​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពួក​ធម៌​ដែល​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន(៨) ពួក​ធម៌​ដែល​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌​ដែល​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន
(១) ធម៌​ក្នុង​ទីនេះ សំដៅយក​សភាវៈ​មិនមែន​សត្វ មិនមែន​ជីវិត, កុសល ក្នុង​ទីនេះ ប្រែថា ធម្មជាត​មិន​មានទោស ១ មានផល​ជា​សុខ ១ បានខាង​កុសល​ក្នុង​ភូមិ​ទាំង ៤ គឺ​កាមាវចរ​ភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរ​ភូមិ ១។ (២) អកុសល ប្រែថា ធម្មជាត​ប្រកបដោយ​ទោស ១ មានផល​ជា​ទុក្ខ ១។ (៣) អព្យាក្រឹត ព្រះមានបុណ្យ​មិន​សំដែង​ដោយ​សភាព​ជាកុសល និង​អកុសល អព្យាក្រឹត​នេះ មាន​លក្ខណៈ​ឥត​ផល។ (៤) [សោយអារម្មណ៍​ជាទី​សប្បាយ។ (៥) សោយអារម្មណ៍​ដ៏​លំបាក។ (៦) ឧបេក្ខា​វេទនា។ (៧) ផល​របស់​កុសល និង​អកុសល។ (ដីកា)។ (៨) សេចក្តី​ប្រកាន់​មាំ។
ទំព័រទី ១ | បន្ទាប់
ID: 637645629539078587
ទៅកាន់ទំព័រ៖