ព្រះត្រៃបិដក ភាគ ៧៩
កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។ ពួកធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល មិនគប្បីពោលថា ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង ថា គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈផងឡើយ។
[៤៤១] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។ ពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង។ ពួកធម៌ជាបរាមាសៈផង ប្រកបដោយបរាមាសៈផង មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថា ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផងឡើយ។
ID: 637646559805835608
ទៅកាន់ទំព័រ៖