ព្រះត្រៃបិដក ភាគ ០៨

គួរ​អធិដ្ឋាន​ ​ឬ​គួរ​វិកប្ប​ទុក​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​អធិដ្ឋាន​ត្រៃចីវរ​ ​មិន​ឲ្យ​វិកប្ប​ទេ​ ​ឲ្យ​អធិដ្ឋាន​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​អស់៤ខែ​ ​នៃ​រដូវភ្លៀង​ ​ត​អី​ពី​កាល៤ខែ​នោះ​ទៅ​ ​ត្រូវ​វិកប្ប​ទុក​ ​ឲ្យ​អធិដ្ឋាន​សំពត់​សម្រាប់​ទ្រាប់អង្គុយ​ ​មិន​ឲ្យ​វិកប្ប​ទេ​ ​ឲ្យ​អធិដ្ឋាន​សំពត់​កម្រាល​ ​មិន​ឲ្យ​វិកប្ប​ទេ​ ​ឲ្យ​អធិដ្ឋាន​សំពត់​សម្រាប់​គ្រប​កម​ ​កំណត់​ត្រឹម​មាន​អាពាធ​ ​ហួស​អំពី​អាពាធ​នោះ​ទៅ​ ​ត្រូវ​វិកប្ប​ទុក​ ​ឲ្យ​អធិដ្ឋាន​សំពត់​សម្រាប់​ជូត​មុខ​ ​មិន​ឲ្យ​វិកប្ប​ទេ​ ​ឲ្យ​អធិដ្ឋាន​សំពត់​បរិក្ខារ​ ​មិន​ឲ្យ​វិកប្ប​ទេ​។​ ​ក្នុង​ពេលនោះ​ ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​ចីវរ​យ៉ាង​តូចបំផុត​ ​ត្រឹម​ប៉ុនណា​ ​ទើបត្រូវ​វិកប្ប​បាន​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​វិកប្បចីវរ​ ​យ៉ាង​តូចបំផុត​ ​បណ្តោយ​ត្រឹម៨ធ្នាប់​ ​ទទឹង​ត្រឹម៤ធ្នាប់​ ​ដោយ​ធ្នាប់​ព្រះ​សុគត​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​កស្សប​ដ៏​មាន​អាយុ​ ​ជា​អ្នកធ្វើ​សេចក្តី​គោរព​ ​ក្នុង​សំពត់​បង្សុកូល​(​១​)​ ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ធ្វើ​ចីវរ​ឲ្យ​សៅហ្មង​ ​ដោយ​ចេស​ ​(​គឺ​ដេរប៉ះ​ដោយ​ចេស​)​។
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ព្រះ​មហាកស្សប​ ​លោក​ជា​អ្នក​គោរព​ ​ក្នុង​ការ​ប៉ះ​ចីវរ​បង្សុកូល​ ​ក្នុង​កន្លែង​ដែល​គ្រាំគ្រា​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636795547745537971
ទៅកាន់ទំព័រ៖