ព្រះត្រៃបិដក ភាគ ០៨
សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បលក្តាប់ទី២នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួចបង្អោនថ្វាយផ្កាឧប្បលក្តាប់ទី៣ ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់មេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បលក្តាប់ទី៣នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួមកិច្ចដែលបញ្ចុះថ្នាំព្រះដ៏មានព្រះភាគ ត្រូវជា៣០ដងគត់ ដោយអាការយ៉ាងនេះ។ លំដាប់នោះ ជីវកកោមារភត្យ បានថ្វាយថ្នាំបញ្ចុះ៣០ដងគត់ ចំពោះព្រះដ៏មានព្រះភាគ រួចថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ លំដាប់នោះ ជីវកកោមារភត្យ កាលចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះដ៏មានព្រះភាគហើយ ព្រះកាយរបស់ព្រះតថាគត ដែលក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគគ្រប់៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះដ៏មានព្រះភាគ ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគបានបញ្ចុះថ្នាំហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ៣០ដងគត់ ដោយអាការយ៉ាងនេះ។ ព្រះដ៏មានព្រះភាគ បានជ្រាបសេចក្តីរិះគិតនៃចិត្តរបស់ជីវកកោមារភត្យ ដោយព្រះទ័យ ហើយទើបទ្រង់ត្រាស់ហៅព្រះអានន្ទ
ID: 636795430707223762
ទៅកាន់ទំព័រ៖