ព្រះត្រៃបិដក ភាគ ០៨
គួរអធិដ្ឋាន ឬគួរវិកប្បទុក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋានត្រៃចីវរ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់ងូតទឹកភ្លៀងអស់៤ខែ នៃរដូវភ្លៀង តអីពីកាល៤ខែនោះទៅ ត្រូវវិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ទ្រាប់អង្គុយ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់កម្រាល មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់គ្របកម កំណត់ត្រឹមមានអាពាធ ហួសអំពីអាពាធនោះទៅ ត្រូវវិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ជូតមុខ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់បរិក្ខារ មិនឲ្យវិកប្បទេ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ ចីវរយ៉ាងតូចបំផុត ត្រឹមប៉ុនណា ទើបត្រូវវិកប្បបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុវិកប្បចីវរ យ៉ាងតូចបំផុត បណ្តោយត្រឹម៨ធ្នាប់ ទទឹងត្រឹម៤ធ្នាប់ ដោយធ្នាប់ព្រះសុគត។ សម័យនោះឯង ព្រះកស្សបដ៏មានអាយុ ជាអ្នកធ្វើសេចក្តីគោរព ក្នុងសំពត់បង្សុកូល
(១) ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើចីវរឲ្យសៅហ្មង ដោយចេស (គឺដេរប៉ះដោយចេស)។
(១) អដ្ឋកថា ថា ព្រះមហាកស្សប លោកជាអ្នកគោរព ក្នុងការប៉ះចីវរបង្សុកូល ក្នុងកន្លែងដែលគ្រាំគ្រា។
ID: 636795547745537971
ទៅកាន់ទំព័រ៖