ព្រះត្រៃបិដក ភាគ ០៨
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចីវរពីរមិនបាច់កាត់ ឲ្យកាត់តែចីវរមួយបាន។ ភិក្ខុមិនកាត់ចីវរពីរ កាត់តែចីវរមួយ ក៏នៅតែមិនគ្រប់គ្រាន់ទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលើកឡើង (គឺប៉ះ) សំពត់អាគន្តុកៈ (សំពត់ថ្មី) ទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ចីវរ ដែលមិនកាត់ទាំងអស់នោះទេ ភិក្ខុណាទ្រទ្រង់ (ស្លៀកដណ្តប់) ត្រូវអាបត្តិទុក្កដ។
[៦៨] សម័យនោះឯង ចីវរកើតឡើងជាច្រើនដល់ភិក្ខុមួយរូប។ ឯភិក្ខុនោះ ចង់ឲ្យចីវរនោះ ដល់មាតា និងបិតា។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឲ្យចីវរ ដោយគិតថា មាតា និងបិតា ដូច្នេះ តថាគតនឹងថាដូចម្តេចបាន ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យចីវរដល់មាតា និងបិតាបាន ម្នាលភិក្ខុទាំងឡាយ តែថា ភិក្ខុមិនត្រូវធ្វើទាន ដែលគេឲ្យដោយសទ្ធា ឲ្យធ្លាក់ចុះឡើយ ភិក្ខុណាឲ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។
[៦៩] សម័យនោះឯង ភិក្ខុមួយរូបទុកចីវរក្នុងអន្ធវន (ព្រៃងងឹត) ហើយមានតែស្បង់ និងឧត្តរាសង្គៈ (ចីពរ) ចូលទៅស្រុកដើម្បីបិណ្ឌបាត។ ពួកចោរ ក៏លួចយកចីវរនោះទៅ។ ភិក្ខុនោះ មានសំពត់អាក្រក់
ID: 636795548508671620
ទៅកាន់ទំព័រ៖