ព្រះត្រៃបិដក ភាគ ០៨
ហើយក៏នាំយកទឹកមក។ ព្រះដ៏មានព្រះភាគ ទ្រង់ស្រោចទឹក ព្រះអានន្ទដ៏មានអាយុដុសលាង ព្រះដ៏មានព្រះភាគចាប់ខាងក្បាល ព្រះអានន្ទដ៏មានអាយុ ចាប់ខាងជើង សែងឡើង យកទៅដាក់ឲ្យដេកលើគ្រែតូច។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារឯណោះ មានភិក្ខុឈឺដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស មាន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានរោគអ្វី។ ពួកភិក្ខុក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស លោកដ៏មានអាយុនោះ មានរោគពោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកបម្រើភិក្ខុនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស គ្មានទេ។ ព្រះអង្គទ្រង់ត្រាស់ថា ចុះហេតុអ្វី បានជាពួកភិក្ខុមិនបម្រើភិក្ខុនោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតភិក្ខុនោះ មិនដែលធ្វើ (ឧបការៈ) ដល់ភិក្ខុទាំងឡាយ ព្រោះហេតុនោះ បានជាភិក្ខុទាំងឡាយ មិនបម្រើភិក្ខុនោះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គ្មានមាតាបិតាទេ បានអ្នកណាបម្រើអ្នករាល់គ្នា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបម្រើគ្នានឹងគ្នាហើយ តើបានអ្នកណា នឹងបម្រើវិញ
ID: 636795552290657937
ទៅកាន់ទំព័រ៖