ព្រះត្រៃបិដក ភាគ ០៨
កម្មនោះ ជាកម្មមិនត្រូវតាមធម៌ ជាកម្មមិនត្រូវតាមវិន័យទេ។ ព្រះឧបាលិដ៏មានអាយុ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើដោយការសាកសួរ សង្ឃណាមួយព្រមព្រៀងគ្នាធ្វើ ដោយការមិនសាកសួរវិញ កម្មដែលត្រូវធ្វើដោយការប្តេជ្ញា សង្ឃធ្វើ ដោយមិនបានប្តេជ្ញាវិញ ឲ្យអមូឡ្ហវិន័យដល់ភិក្ខុដែលគួរដល់សតិវិន័យវិញ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យវិញ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្មវិញ ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្មវិញ ធ្វើបព្វានីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្មវិញ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្មវិញ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បដិសារណីយកម្មវិញ ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្មវិញ ឲ្យមូលាយបដិកស្សន ដល់ភិក្ខុដែលគួរដល់បរិវាសវិញ ឲ្យមានត្តដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈវិញ ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់មានត្តវិញ ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់អព្ភានវិញ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាកម្មត្រូវតាមធម៌ ជាកម្មត្រូវតាមវន័យដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះមិនមែនជាកម្មត្រូវតាមធម៌ មិនមែនជាកម្មត្រូវតាមវិន័យទេ ម្នាលឧបាលិ សង្ឃណាមួយព្រមព្រៀងគ្នា ធ្វើកម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ (ត្រឡប់ជាធ្វើ) ក្នុងទីកំបាំងមុខវិញ
ID: 636795582575270118
ទៅកាន់ទំព័រ៖