ព្រះត្រៃបិដក ភាគ ០៨
ទៅជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា ជាសំពត់ សិវេយ្យកៈ ១គូ ដែលព្រះបាទបជ្ជោតបានបញ្ជូនមកឲ្យអាត្មាអញនេះ ជាសំពត់ដ៏លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន អ្នកដទៃណាមួយ មិនគួរនឹងប្រើប្រាស់សំពត់ សិវេយ្យកៈនេះឡើយ វៀរលែងតែព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះចេញ ឬវៀរលែងតែព្រះបាទមាគធសេនិយពិម្ពិសារចេញ។
[៤១] សម័យនោះឯង ព្រះកាយរបស់ព្រះមានព្រះភាគ ក្រាស់ដោយទោស (រោគទល់)។ វេលានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ កាយរបស់តថាគត ក្រាស់ដោយទោសហើយ តថាគតប្រាថ្នានឹងឆាន់ថ្នាំបញ្ចុះ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅរកជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈដ៏មានអាយុ កាយរបស់ព្រះតថាគតក្រាស់ដោយទោសហើយ ព្រះតថាគតត្រូវការឆាន់ថ្នាំបញ្ចុះ។
ID: 636795430177783480
ទៅកាន់ទំព័រ៖