ព្រះត្រៃបិដក ភាគ ៨១
            
        
        
            
            
                
                សតិប្បដ្ឋានវិភង្គ
 [១៧៧] សតិប្បដ្ឋាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយខាងក្នុង ពិចារណានូវកាយក្នុងកាយខាងក្រៅ ពិចារណានូវកាយក្នុងកាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណានូវវេទនាក្នុងវេទនាទាំងឡាយខាងក្នុង ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយខាងក្រៅ ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណានូវចិត្តក្នុងចិត្តខាងក្នុង ពិចារណានូវចិត្តក្នុងចិត្តខាងក្រៅ ពិចារណានូវចិត្តក្នុងចិត្តខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណានូវធម៌ក្នុងធម៌ទាំងឡាយខាងក្នុង ពិចារណានូវធម៌ក្នុងធម៌ទាំងឡាយខាងក្រៅ ពិចារណានូវធម៌ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។
            
 
            
         
        
            
                ID: 637647409771307297 
                
            
            
                ទៅកាន់ទំព័រ៖