ព្រះត្រៃបិដក ភាគ ៨៥

ចិ​ត្តា​រម្ម​ណកថា


 [៦២០] ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) មានចិត្តជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​ណាមួយ ដឹង​ច្បាស់​នូវ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ ថា​ចិត្ត​ប្រកបដោយ​រាគៈ​ដូច្នេះ​ឬ។ អើ។ បើ​បុគ្គល​ណាមួយ ដឹង​ច្បាស់​នូវ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ ថា​ចិត្ត​ប្រកបដោយ​រាគៈ​ដូច្នេះ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) មានចិត្តជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ។ ក្រែង​បុគ្គល​ណាមួយ ដឹង​ច្បាស់​នូវ​ចិត្ត​ដែល​ប្រាសចាក​រាគៈ ថា​ចិត្ត​ប្រាសចាក​រាគៈ។បេ។ នូវ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ។បេ។ នូវ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ នូវ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ នូវ​ចិត្ត​ដែល​ប្រាសចាក​មោហៈ នូវ​ចិត្ត​ដែល​រួញរា នូវ​ចិត្ត​ដែល​រាយមាយ នូវ​ចិត្ត​ដែល​ដល់​នូវ​ភាវៈ​ជាធំ (គឺ​រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ) នូវ​ចិត្ត​ដែល​មិនដល់​នូវ​ភាវៈ​ជាធំ (គឺ​កាមាវច​រៈ) នូវ​ចិត្ត​ដែល​មានចិត្ត​ដទៃ​ប្រសើរ​ជាង (គឺ​កាមាវច​រៈ) នូវ​ចិត្ត​ដែល​មិន​មានចិត្ត​ដទៃ​ប្រសើរ​ជាង (គឺ​រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ) នូវ​ចិត្ត​ដែល​តាំង​មាំ នូវ​ចិត្ត​ដែល​មិន​តាំង​មាំ (គឺ​ប្រាសចាក​សមាធិ​ទាំង ២)
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637652626769022974
ទៅកាន់ទំព័រ៖