ព្រះត្រៃបិដក ភាគ ៨៥
ចិត្តារម្មណកថា
[៦២០] ញាណក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ។ អើ។ ក្រែងបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈដូច្នេះឬ។ អើ។ បើបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈដូច្នេះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត (នៃបុគ្គលដទៃ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ។ ក្រែងបុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលប្រាសចាករាគៈ ថាចិត្តប្រាសចាករាគៈ។បេ។ នូវចិត្តដែលប្រកបដោយទោសៈ។បេ។ នូវចិត្តដែលប្រាសចាកទោសៈ នូវចិត្តដែលប្រកបដោយមោហៈ នូវចិត្តដែលប្រាសចាកមោហៈ នូវចិត្តដែលរួញរា នូវចិត្តដែលរាយមាយ នូវចិត្តដែលដល់នូវភាវៈជាធំ (គឺរូបាវចរៈ និងអរូបាវចរៈ) នូវចិត្តដែលមិនដល់នូវភាវៈជាធំ (គឺកាមាវចរៈ) នូវចិត្តដែលមានចិត្តដទៃប្រសើរជាង (គឺកាមាវចរៈ) នូវចិត្តដែលមិនមានចិត្តដទៃប្រសើរជាង (គឺរូបាវចរៈ និងអរូបាវចរៈ) នូវចិត្តដែលតាំងមាំ នូវចិត្តដែលមិនតាំងមាំ (គឺប្រាសចាកសមាធិទាំង ២)
ID: 637652626769022974
ទៅកាន់ទំព័រ៖