ព្រះត្រៃបិដក ភាគ ២៨
មិនផ្ចង់ត្រចៀក មិនតាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តា។ សាវ័កពួកខ្លះ ចង់ស្តាប់ ផ្ចង់ត្រចៀក តាំងចិត្តដើម្បីឲ្យដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លង នូវពាក្យប្រៀនប្រដៅ របស់សាស្តាឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត ក៏មិនមានចិត្តរីករាយ មិនទទួលនូវសេចក្តីរីករាយ មិនមានតូចចិត្ត មិនទទួលនូវសេចក្តីតូចចិត្ត វៀរបង់នូវសេចក្តីរីករាយ និងសេចក្តីតូចចិត្តទាំងពីរនោះ ជាអ្នកព្រងើយ ប្រកបដោយសតិសម្បជញ្ញៈ ប្រព្រឹត្តទៅគ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី២ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅនូវគណៈបាន។
[១១១] ម្នាលភិក្ខុទាំងឡាយ មួយទៀត សាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ រមែងសំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ តែពួកសាវ័ក របស់សាស្តានោះ ចង់ស្តាប់ ផ្ចង់ត្រចៀក តាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ទាំងមិនបានប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តា។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ
ID: 636848199114966572
ទៅកាន់ទំព័រ៖