ព្រះត្រៃបិដក ភាគ ០៣
កាលបើភិក្ខុឈរស្លៀមនៅចំពោះមុខបួនលើក ប្រាំលើក ប្រាំមួយលើក យ៉ាងច្រើន ញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើធ្វើចីវរនោះឱ្យសម្រេចមិនបានទេ ហើយភិក្ខុនោះចេះតែព្យាយាមឱ្យលើសអំពីកំណត់នោះ ទាល់តែបានចីវរនោះមក ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ បម្រើនោះនាំដម្លៃចីវរមកដើម្បីភិក្ខុនោះ អំពីសំណាក់អ្នកណា ភិក្ខុគប្បីទៅខ្លួនឯង ឬប្រើបម្រើទៅក្នុងសំណាក់អ្នកនោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយបញ្ជូនដម្លៃចីវរណាទៅចំពោះភិក្ខុរូបណា ដម្លៃចីវរនោះ មិនសម្រេចប្រយោជន៍បន្ដិចបន្ដួចដល់ភិក្ខុរូបនោះទេ អ្នកដ៏មានអាយុចូរទារយករបស់ខ្លួនវិញចុះ ទ្រព្យរបស់អ្នកទាំងឡាយចូរកុំឱ្យវិនាស ការនេះជាសាម៉ីចិកម្ម (សេចក្ដីប្រព្រឹត្ដគួរ) ក្នុងសិក្ខាបទនោះ។
[៧១] ត្រង់ពាក្យថា ចំពោះភិក្ខុមួយរូប សេចក្ដីថា ដើម្បីប្រយោជន៍ដល់ភិក្ខុ គឺធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ អ្នកណាមួយសោយរាជសម្បត្ដិ អ្នកនោះឈ្មោះថា ស្ដេច។ អ្នកណាមួយ គួរទទួលបាយនឹងបៀរវត្ដរបស់ស្ដេច អ្នកនោះឈ្មោះថា រាជអមាត្យ។ ជនជាព្រាហ្មណ៍ដោយជាតិ ឈ្មោះថា ព្រាហ្មណ៍។ ដែលហៅថា គហបតិ គឺជនដ៏សេស វៀរលែងស្ដេច រាជអមាត្យ និងព្រាហ្មណ៍ចេញ
ID: 636783213496077789
ទៅកាន់ទំព័រ៖