ព្រះត្រៃបិដក ភាគ ៥៦
[៤៨] បពិត្រព្រះពុទ្ធ ជាវីរបុគ្គល ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ ព្រះអង្គជាអ្នករួចស្រឡះចាកកិលេសទាំងពួង ខ្ញុំព្រះអង្គ ជាអ្នកមិនមានអាសវៈ តែងប្រព្រឹត្តទៅក្នុងស្នាមឱវាទនៃព្រះអង្គ។
ឧជ្ជយត្ថេរ។
[៤៩] ក្នុងកាលដែលខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ខ្ញុំមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះប្រកបដោយទោស ដែលមិនមែនជាអរិយធម៌ទេ។
សញ្ជយត្ថេរ។
[៥០] ចិត្តរបស់ខ្ញុំនោះ មិនញាប់ញ័រ ព្រោះសម្រែកនៃសត្វរៃ ឬព្រោះសត្វព្រៃដែលគួរខ្លាចទេ ព្រោះថា ចិត្តរបស់ខ្ញុំ មានអារម្មណ៍មូលតែមួយ ត្រេកអរមិនដាច់ (ក្នុងព្រះនិព្វាន)។
រាមណេយ្យកត្ថេរ។
[៥១] ផែនដីតែងសើមជ្រាប (ដោយអាបោធាតុ) ខ្យល់ក៏រមែងបក់ ផ្លេកបន្ទោរ ក៏ដាលច្រវាត់ក្នុងអាកាស ឯវិតក្កៈទាំងឡាយ (មានកាមវិតក្កៈជាដើម) របស់ខ្ញុំ រមែងរម្ងាប់ ចិត្តរបស់ខ្ញុំក៏តម្កល់ទុកល្អហើយ។
វិមលត្ថេរ។
ID: 636866449892916070
ទៅកាន់ទំព័រ៖